រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងកំពូលសម្រស់អន្តរជាតិដែលមានឈ្មោះថា «បវរកញ្ញាភពផែនដី» ឬហៅថា Miss Earth ២០១៧ ប្រព្រឹត្តទៅនៅប្រទេសហ្វ៊ីលីពីន បានបញ្ចប់ជាផ្លូវការនៃការបោះឆ្នោតដោយមហាជនតាមបណ្តាញសង្គម Facebook, Twitter និង Instagram សម្រាប់ពានរង្វាន់ថតរូបស្រស់ស្អាត (The Miss Photogenic Special Award) កាលពីរាត្រីថ្ងៃទី ៣០តុលា ឆ្នាំ២០១៧ ។
សម្រាប់លទ្ធផលផ្លូវការនៃការបោះឆ្នោត គឺបវរកញ្ញាប្រទេសវៀតណាមទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេដែលមានពិន្ទុសរុបដល់ជាង៥,៣ លានពិន្ទុ ។ សម្រាប់លេខ២ បានទៅបវរកញ្ញាពីប្រទេសកូឡុំប៊ី និងលេខ៣បានទៅបវរកញ្ញាពីប្រទេសវេណេស៊ុយអេឡា ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ Miss Earth International។
ងាកមកបេក្ខនារីកំពូលសម្រស់របស់កម្ពុជាដែលចូលរួមប្រកួតប្រជែងលើវេទិកាសម្រស់អន្តរជាតិនោះគឺកញ្ញាអែម គុនថង អាយុ១៨ ឆ្នាំ និងមានកម្ពស់១៧២សង្ទីម៉ែត្រ មានស្រុកកំណើតនៅខេត្តព្រះសីហនុ ។ បើទោះបីជាកញ្ញា អែម គុនថង មិនបានទទួលពានរង្វាន់ថតរូបស្រស់ស្អាតក៏ពិតមែន តែនាងក៏ទទួលបានសំឡេងគាំទ្រយ៉ាងច្រើន និងឈរនៅចំណាត់ថ្នាក់លេខ ៦ សម្រាប់ពិន្ទុសរុបចំនួន ២៩៨.៧៨០ ។
យោងតាមគេហទំព័រ និងគណនីហ្វ៊េសប៊ុកផ្លូវការរបស់ Miss Earth ឲ្យដឹងថា ការប្រកួតប្រជែងសម្រស់លើឆាកអន្តរជាតិមួយនេះដែលកំពុងតែប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ទីកន្លែងដែលមានកំពូលសម្រស់មកពី៨៧ប្រទេស និងឈានដល់វគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៧ ដែលត្រូវនឹងរាត្រីចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនៅកម្ពុជា។
សម្រាប់កម្មវិធីប្រឡង «បវរកញ្ញាភពផែនដី» កាលពីរាត្រីថ្ងៃទី៣០ តុលានេះក៏បានឈានដល់វគ្គដែលកំពូលសម្រស់មកពីគ្រប់ប្រទេសបង្ហាញនូវឈុតតំណាងជាតិនៃប្រទេសនីមួយផងដែរ ។
បវរកញ្ញាភពផែនដីកម្ពុជា កញ្ញាអែម គុនថង បានគ្រងឈុតតំណាងជាតិដែលមានឈ្មោះថា «នាងឧសភី» ។
លោកម៉ែន និមលរតន៍ នាយកប្រតិបត្តិ Arise Agency ដែលជាអ្នករៀបចំបញ្ជូន កញ្ញាអែម គន់ថង ទៅប្រកួតកាលពីពេល ថ្មីៗនេះត្រូវបានស្រង់សម្តីដោយគេហទំព័រអនឡាញក្នុងស្រុកមួយថា ឈុត «នាងឧសភី» ច្នៃដោយក្រុម La Chhouk Recycled & Creative Fashion ដោយមួយផ្នែកធំនៃរ៉ូបនេះច្នៃចេញពីសំរាមស្ងួត ឬសម្ភារដែលគេប្រើប្រាស់រួច (Recycled Materials) មានដូចជាឌីស្ត គម្របដប បាវ ជាដើម ។ ឈុតនេះបានផ្សារភ្ជាប់ពីអត្តសញ្ញាណខ្មែរ ដោយយកលំនាំតាមសត្វគោព្រៃ ដែលជាសត្វមួយតំណាងជាតិ ហើយយើងក៏បានបន្ថែមផ្នែកខ្លះនៃសម្លៀកបំពាក់របាំខ្មែរ ដូចជាស្រងក ខ្សែឆៀង។
ចំណែកឈ្មោះ «នាងឧសភី» មានន័យជាស្ដេចគោញី ដោយយោងតាមពាក្យថា ឧសភ ឬ ឧសភរាជ ប្រែន័យសេចក្ដីថា ស្ដេចគោ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment