បញ្ហាចរាចរណ៍គឺជាមូលហេតុមួយដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមនាពេលបច្ចុប្បន្នជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ ការកកស្ទះចរាចរណ៍តែងតែកើតមានជារឿយៗនៅតាមដងផ្លូវមួយចំនួន។ ប្រជាជននៅក្នុងរាជធានីភ្នំពេញមានការធុញទ្រាំយ៉ាងខ្លាំងអំពីបញ្ហានេះ ព្រោះវាបង្កឲ្យមានការរាំងស្ទះ និងប៉ះពាល់ដល់ផលប្រយោជន៍ជាច្រើនរបស់ពួកគេ។ គ្រាន់តែចេញពីផ្ទះភ្លាមមានអារម្មណ៍ថា ធុញថប់ភ្លេតដោយសារតែមានបញ្ហាស្ទះចរាចរណ៍នេះ។
តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យទីក្រុងភ្នំពេញតែងតែស្ទះចរាចរណ៍?
បញ្ហាកកស្ទះចរាចរណ៍ បានធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុងនៅក្នុងរាជធានីភ្នំពេញ ហើយអ្នកភ្នំពេញខ្លះបានចាត់ទុកថាការកកស្ទះចរាចរណ៍ជារឿងសាមញ្ញ ដោយសារតែវាកើតស្ទើររាល់ថ្ងៃទៅហើយ។ ការកកស្ទះចរាចរណ៍នេះ គឺកើតឡើងដោយមានកត្តាច្រើនយ៉ាង។
ការកកស្ទះចរាចរណ៍នេះក៏កើតមានឡើងដោយសារតែមានការលក់ដូរនៅលើចំណីផ្លូវនិងការចតយាន្ដជំនិះនៅតាមចិញ្ចើមផ្លូវ ចំណែកខ្លះទៀតបើកភោជនីយដ្ឋាន ហាងផ្សេងៗ ដោយមិនគិតពីចំណតរថយន្ត ធ្វើមានការចតរថយន្តពាសវាលពាសកាលនៅលើដងផ្លូវប៉ះពាលដល់ប្រយោជន៍របស់អ្នកដំណើរផ្សេងៗទៀត។ បញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទ្រព្យសម្បត្តិសាធារណៈ និងប្រជាពលរដ្ឋផ្ទាល់ មិនត្រឹមតែទ្រព្យសម្បត្តិទេពេលវេលាក៏ខាតបង់ដែរ។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យវេបសាយ Khmerload ដឹងថា បញ្ហាការកកស្ទះចរាចរណ៍គឺបណ្ដាលមកពីកត្តាច្រើនយ៉ាងរួមមាន កត្តាផ្លូវថ្នល់ កម្រិតនៃការយល់ដឹងរបស់ប្រជាជន និងចំណតរថយន្តក្រុងធំៗនៅក្នុងក្រុង។ លោកបានបន្តថា ជាក់ស្ដែងកត្តាផ្លូវថ្នល់ គឺជាបញ្ហាចោទមួយនាពេលបច្ចុប្បន្ន ដោយផ្លូវនៅកន្លែងខ្លះមានសភាពតូចចង្អៀត ហើយមានមនុស្សច្រើនធ្វើចរាចរណ៍ឆ្លងកាត់ ឯផ្លូវនៅកន្លែងខ្លះត្រូវជួសជុលឡើងវិញ។ កត្តាចតយាន្តជំនិះឥតសណ្ដាប់ធ្នាប់ ការបើកបរដោយមិនមានការគោរពសិទ្ធិគ្នាបណ្ដាលឲ្យមានការកកស្ទះ។
មួយវិញទៀត ដោយសារមានចំណតរថយន្តក្រុងធំៗភាគច្រើនគឺសុទ្ធតែនៅក្នុងក្រុង។ កាលណារថយន្តក្រុងចូលក្នុងក្រុង វាធ្វើឲ្យមានការកកស្ទះ ដោយសារវាមានទំហំធំ ហើយត្រូវការចំណែកផ្លូវធំក្នុងការធ្វើដំណើរ។ មនុស្សនៅក្នុងភ្នំពេញច្រើន ការធ្វើចរាចរណ៍នៅលើដងផ្លូវ គឺមមាញញឹក បើមានរថយន្តធំៗចូលក្នុងក្រុងទៀតនោះ វាប្រាកដជាស្ទះ។
ឯចំណុចមួយទៀតនោះ ការកកស្ទះចរាចរណ៍អាចកើតមានក៏ទាក់ទងនឹងកម្រិតនៃការយល់ដឹងរបស់ប្រជាជនផងដែរ។ អ្នកយល់ដឹងពីច្បាប់ចរាចរណ៍ហើយតែមិនគោរព ឯខ្លះទៀតបើករបរដោយឥរិយាបថមិនសមរម្យ ពោលបើករបរដោយឈប់ទទឹងផ្លូវ ឈប់លើគំនូសចរាចរណ៍-ល-។ ចំណុចពិសេសមួយទៀតនោះ ប្រជាជនខ្លះ បានយកចំណីឬចិញ្ចើមផ្លូវមកប្រកបអាជីវកម្មលក់ដូរ និងកន្លែងលក់ដូរខ្លះបានយកចំណីផ្លូវសាធារណៈទៅធ្វើជាចំណតយាន្តជំនិះផ្ទាល់ខ្លួន។ អ្នកខ្លះបើករបរជែងគ្នាដោយមិនគោរពច្បាប់ ពោលគឺចង់ទៅមុន។
ការផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកគឺបានធ្វើច្រើនមកហើយ ប៉ុន្តែដូចមិនទាន់មានប្រសិទ្ធិភាពខ្ពស់ពោលគឺនៅមានកម្រិត និងយុវជនមួយចំនួនបានធ្វើការបើកបរដោយល្មើសច្បាប់ និងអ្នកខ្លះទៀតបានរៀនសូត្រពីច្បាប់ក្នុងការបើកបរ តែបែរជាមិនអនុវត្តន៍ ឯខ្លះទៀតមិនបានរៀនសូត្រស្ដីពីច្បាប់បើកបរនៅលើដងផ្លូវ ជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជារៀងរាល់ថ្ងៃ។
ចំណែកលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វេបសាយ Khmerload ថា ការកកស្ទះចរាចរណ៍គឺបណ្ដាលមកពីមានកត្តាផ្លូវថ្នល់ កត្តាយាន្តជំនិះ កត្តាមនុស្ស និងការគោរពតួនាទីរបស់នគរបាល។
កត្តាផ្លូវថ្នល់ គឺត្រូវគិតថា តើផ្លូវនឹង មានទំហំត្រូវស្តង់ដារ មានភ្លើង និងផ្លាកសញ្ញាចរាចរណ៍គ្រប់ហើយត្រូវតាមទីតាំងឬនៅ។ កត្តាយានជំនិះ គឺត្រូវមើលទៅលើស្ថានភាពយានយន្តរបស់អ្នកសមស្របក្នុងការធ្វើដំណើរនៅលើផ្លូវថ្នល់បានឬនៅ។ យាន្តជំនិះមានការកើនឡើងជាឧបសគ្គធ្វើឲ្យស្ទះចរាចរណ៍ដូចគ្នា។ កត្តាមនុស្សគឺផ្ដោតទៅលើឥរិយាបថក្នុងការគោរពច្បាប់របស់មនុស្ស ពោលគឺត្រូវមើលថា តើមនុស្សបានអនុវត្តន៍ច្បាប់បានត្រឹមត្រូវឬនៅ? អ្នកខ្លះមិនគោរពច្បាប់ ខ្លះដឹងហើយបំពាន។ចំណុចចុងក្រោយ គឺតួនាទីរបស់នគរបាល។ សួរត្រូវចោទនោះគឺ៖ តើនគរបាលបានអនុវត្តតួនាទីរបស់គាត់បានត្រឹមត្រូវហើយឬនៅ? នរគបាលត្រូវអនុវត្តន៍តួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជូន ដើម្បីពង្រឹងច្បាប់ឲ្យមានភាពតឹងរឹង។
ការកកស្ទះចរាចរណ៍ បានបង្កការលំបាកយ៉ាងច្រើនដល់ពលរដ្ឋ និងខាតបង់ផ្នែកសេដ្ឋកិច្ច ដល់ពលរដ្ឋនៅរាជធានីភ្នំពេញ។
ចំពោះដំណោះស្រាយលោក ម៉េត មាសភក្ដី បានបន្ថែមថា សាលារាជធានីបាននិងកំពុងខិតខំ ជួសជួលនិងពង្រើកផ្លូវ ហើយរៀបចំបំពាក់ភ្លើងស្តុប និងផ្លាកសញ្ញាបន្ថែមទៀត ដើម្បីសម្រួលនិងកាត់បន្ថយការកកស្ទះចរាចរណ៍នេះ។ សាលារាជធានីភ្នំពេញបានបន្ថែមសេវារថយន្តសាធារណៈជាច្រើន ដើម្បីកាត់បន្ថយការធ្វ់ចរាចរណ៍មួយចំនួន និងអាចសម្រួលដល់ចរាចរណ៍។ ចំណុចពិសេសបំផុតនោះ សាលារាជធានី ក៏បានផ្សព្វផ្សាយ អប់រំ និងពន្យល់ណែនាំបន្ថែម ឲ្យបានច្រើនជាងនេះទៀត។ ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋក៏ត្រូវនាំគ្នាចូលរូមគោរពច្បាប់ចរាចរណ៍ផងដែរ។
ចំពោះឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា វិញបានបន្ថែមថា បញ្ហាកកស្ទះចរាចរណ៍ គឺខាងអ្នកដែលពាក់ព័ន្ធកំពុងតែធ្វើការសម្រួលដល់បញ្ហាទាំងអស់នេះ។ រាល់បញ្ហាទាំងអស់ត្រូវតែមានដំណោះស្រាយ ហើយខាងក្រសួងពាក់ព័ន្ធកំពុងរៀបចំប្ដូររាល់ចំណតឡានក្រុងទាំងអស់ឲ្យទៅនៅតាមជាយក្រុង ដើម្បីកាត់បន្ថយការកកស្ទះ។
ការកកស្ទះចរាចរណ៍បានធ្វើឲ្យបេះដូងនៃប្រទេសកម្ពុជាបាត់បង់សោភ័ណភាព បង្កភាពអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ និងបង្កើតបរិយាកាសមិនល្អ ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅភ្នំពេញ។ ដូច្នេះក្នុងនាមជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ គួរតែនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងកែប្រែទំលាប់មិនល្អដែលធ្លាប់ធ្វើដូចអ្វីដែលបានអធិប្បាយខាងលើចេញ ដើម្បីប្រយោជន៍ខ្លួនឯងនិងសង្គមជាតិយើងទាំងមូល។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment