អាមេរិក៖ យ៉ាងហោចណាស់មនុស្សប្រមាណជា ២៦នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់ និង២០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែង នៅវិហារគ្រឹស្ត First Baptist Church ស្ថិតក្នុងតំបន់ Sutherland Springs ទីក្រុង Wilson County រដ្ឋតិចសាស សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ឆ្នាំ២០១៧ (ម៉ោងក្នុងតំបន់)។
បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើង ត្រូវបានគេប្រទះឃើញសាកសពនៅក្នុងរថយន្តរបស់ខ្លួន ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មាន ពីទីតាំងកើតហេតុខាងលើ។
តាមការឲ្យដឹងពីមន្រ្តីប៉ូលិស បានអះអាងថា ខ្មាន់កាំភ្លើងវ័យក្មេងស្បែកសខាងលើនេះ ត្រូវបានគេកំណត់អត្តសញ្ញាណបានថា មានឈ្មោះ Devin Patrick Kelley អាយុ២៦ឆ្នាំ។
លោក Freeman Martin ប្រធាននាយកដ្ឋានគ្រប់គ្រងសុវត្តិភាពសារធាណៈប្រចាំតំបន់ (Taxas Department of Public Safety) បានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យជាខ្មាន់កាំភ្លើង ត្រូវបានគេរាយការណ៍ថា ស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅ និងមានពាក់អាវក្រោះការពារផងដែរ បានធ្វើសកម្មភាពបាញ់រះប្រហារ នៅទីតាំងខាងក្រៅបរិវេណវិហារ First Baptist Church នៅចន្លោះម៉ោងប្រហែលជា ១១និង៣០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) បន្ទាប់មកទើបរូបគេ បានធ្វើសកម្មភាពសម្រុកចូល ទៅបាញ់រះប្រហារលើហ្វូងមនុស្សបន្ថែមទៀត នៅខាងក្នុងវិហារតែម្តង។
នៅពេលដែលខ្មាន់កាំភ្លើង ដ៏សាហាវរូបនេះចេញពីវិហារវិញ អ្នកស្រុករស់នៅក្នុងតំបន់ម្នាក់ បានដកកាំភ្លើងវែងរបស់ខ្លួន បាញ់ទៅលើជនល្មើសវិញ ហើយខ្មាន់កាំភ្លើង Patrick Kelly ក៏បានទម្លាក់កាំភ្លើងរបស់ខ្លួន ហើយព្យាយាមរត់គេចខ្លួនទាំងប៉ផាប់ពភីង សំដៅឡើងឡានរបស់ខ្លួនវិញ បើករត់ទាំងតក់ក្រហល់ បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវស្លាប់ខ្លួនឯងតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះយ៉ាងហោចណាស់១០ ក្នុងចំណោមជនរងគ្រោះទាំងអស់ ក្នុងនោះមានកុមារចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ចូលទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្បែរទីក្រុង San Antonio ក្នុងរដ្ឋតិចសាស់។
ចំណែកឯសាកសពជនរងគ្រោះ ដែលត្រូវបានស្លាប់ផ្សេងទៀត មានចំនួន២៣នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងវិហារ ខណៈ ២នាក់ផ្សេងទៀតបាញ់សម្លាប់នៅក្រៅបរិវេណវិហារសាសនា។ ជនរងគ្រោះទាំងនោះ ត្រូវបានគេរាយការណ៍ថា មានអាយុចន្លោះពី៥ រហូតដល់៧២ឆ្នាំ។
គួរឲ្យដឹងផងដែរថា ទាក់ទៅនឹងករណីបាញ់រះដែលបានបណ្តាលឲ្យមានមនុស្សស្លាប់រង្គាលនេះ គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ថាតើមាននរណានៅពីក្រោយខ្នង ឬក្នុងគោលបំណងណាមួយឡើយ។ បច្ចុប្បន្នខាងមន្រ្តីជំនាញ កំពុងតែដុតដៃជើងស៊ើបអង្កេតបន្ថែមលើករណីដែលបានកើតឡើងនេះផងដែរ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment