វីរុស H5N6 នេះត្រូវបានគេរកឃើញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ នៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងស្ថិតក្នុងតំបន់ Gochang ដែលមានចម្ងាយជាង ២៧០គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុងសេអ៊ូល។ ក្នុងនោះសត្វទាប្រមាណជាង ១២,០០០ក្បាលក្នុងកសិដ្ឋាន ត្រូវបានរកឃើញថាមានផ្ទុកជំងឺ។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្រសួងកសិកម្មក្នុងប្រទេស បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់មួយ នៅព្រឹកថ្ងៃបន្ទាប់ថា (ថ្ងៃអាទិត្យ ទី១៩ វិច្ឆិកា) សត្វទារស់រកឃើញថា មានផ្ទុកជំងឺទាំងអស់នោះ ត្រូវបានក្រុមមន្រ្តីជំនាញប្រមូលយកទៅសម្លាប់ចោលផងដែរ។
បន្ថែមលើនេះ ខាងក្រសួងក៏បានចេញវិធានការ បាញ់ថ្នាំកម្ចាត់មេរោគនេះ នៅតាមតំបន់មួយចំនួនក្នុងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ និងហាមឃាត់មិនឲ្យមានការដឹកជញ្ជូន និងចែកចាយលក់សព្វសត្វបក្សីទាំងអស់នៅទូទាំងប្រទេស ក្នុងរយៈពេល៤៨ម៉ោង (២ថ្ងៃ) ដោយគិតចាប់ពីពាក់កណ្តាលរាត្រីយប់ថ្ងៃអាទិត្យតទៅ។
ក្រសួងកសិកម្មបានអះអាងថា នេះគឺជាការផ្ទុះ (វីរុស H5N6) ឡើងដ៏ធំមួយ និងជាលើកដំបូងបំផុតក្នុងប្រទេស បើរាប់គិតតាំងពីខែមិថុនាឆ្នាំនេះ។
សូមទស្សនាវីដេអូខាងក្រោម៖
ប៉ុន្តែទោះបីជាយ៉ាងណាក្តី តាមរបាយការណ៍មិនបានបង្ហាញថា មានមនុស្សស្លាប់ដោយសារតែ ការឆ្លងនូវវីរុសប្រភេទនេះឡើយ ៕
No comments:
Post a Comment